ព្រោះតែបញ្ហា Software ធ្វើឲ្យអ្នកទោសក្នុងសហរដ្ឋអាមេរិកជាច្រើននាក់ត្រូវដោះលែងមុនពេលកំណត់
អ្នកទោសក្នុងសហរដ្ឋអាមេរិកច្រើនជាង៣២០០នាក់ ត្រូវបានដោះលែងមុនពេលកំណត់ ដោយសារតែមានបញ្ហាខាង Software មួយបានកើតឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
បញ្ហា Software ដែលកើតមានលើប្រព័ន្ធកុំព្យូទ័របានបណ្ដាលឲ្យគណនាខុស នូវរយៈពេលឃុំឃាំងរបស់អ្នកទោស ដែលផ្អែកលើអ្វីដែលគេបានសង និងអត្តចរិតបស់ពួកគេអំឡុងពេលដែលនៅក្នុងគុក។ ការវិភាគលើបញ្ហាមួយនេះបានបង្ហាញថា ជាមធ្យមអ្នកទោសដែលជាប់ឃុំឃាំងគឺត្រូវបានដោះលែងមុនពេលកំណត់៤៩ថ្ងៃ។ ក្នុងចំណោមនោះមានអ្នកទោសម្នាក់ត្រូវបានកាត់បន្ថយពេលវេលាឃុំឃាំងដល់ទៅ៦០០ថ្ងៃឯណោះ។
បញ្ហាមួយនេះត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រទះឃើញតាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែដោយសារមូលហេតុមួយចំនួន ការរកដំណោះស្រាយបញ្ហានេះត្រូវគេអូសបន្លាយរហូតមកទល់ពេលនេះ។ ក្នុងសេចក្ដីថ្លែងការមួយរបស់លោក Jay Inslee អភិបាលក្រុងនៃរដ្ឋវ៉ាស៊ីនតោនបានលើកឡើងថា នេះគឺជាបញ្ហាចាក់ស្រេះដ៏ធ្ងន់ធ្ងរមួយ ហើយលោកក៏បានបញ្ជាឲ្យ នាយកដ្ឋាននៃការកែសម្រួល ដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលផងដែរ។
គួរបញ្ជាក់ថា សមត្ថកិច្ចក្នុងតំបន់កំពុងតែជួយនាំយកអ្នកដែលត្រូវចំណាយពេលក្នុងគុកបន្ថែមទៀតមកវិញ ហើយមានអ្នកទោសប្រាំនាក់ហើយដែលបានវិលត្រឡប់មកវិញ។ ចំពោះបញ្ហា Software នេះដែរនឹងត្រូវគេរៀបចំដោះស្រាយនៅក្នុងថ្ងៃទី៧ខែមករាឆ្នាំ២០១៦ខាងមុខនេះ៕