១៦ក្រុម ត្រូវប្រជែងពានរង្វាន់បាល់បោះ អាកាសចរណ៍បាយ័ន
ភ្នំពេញ៖ ក្រុមបាល់បោះចំនួន ១៦ក្រុម នឹងត្រូវធ្វើការប្រកួតប្រជែង ដណ្ដើមពានរង្វាន់ អាកាសចរណ៍បាយ័ន លើកទី២ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ នៅលើទីលានវិមានពហុកីឡដ្ឋានជាតិ ខណៈពាននេះ បង្កើនឡើងក្រោមកិច្ចសហការ រវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងសមាគម កម្ពុជា-ចិន ។
ក្រុមបោះបាល់ចម្រុះជាតិសាសន៍ ដែលភាគច្រើនជាក្រុមតំណាងក្រុមហ៊ុនចិនក្នុងប្រទេសកម្ពុជាទាំង ១៦ក្រុមខាងលើ រួមមានក្រុម៖ Ba rong Hang Kong, Chuan Yu Shang hui, Extra Joss Fighter, Guang Donh Shang Hui, Le Dawang, ភ្នំពេញ Dragon, Ty Fashzon, Zhong Yi Dong Li, An Hai Shang hui, ALLN, De Fu Zhi Yi, He Nan Zong Shang hui, Kun Zhou Ji Tuan, Lan Chang Jiang Gong Cheng, វិទ្យាល័យវត្តកោះ និងក្រុម យុវជន ១៥៧ ។
ថ្លែងក្នុងពិធីប្រកាសបើកការប្រកួត នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ លោក ឯក សំអុល ប្រធានសមាគមកម្ពុជា-ចិន បានមានប្រសាសន៍ថា នេះជាពានបាល់បោះដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ព្រោះកន្លងមក សកម្មភាពបាល់បោះមិនសូវជាផុសផុលប៉ុន្មានទេ ។ ប៉ុន្ដែបច្ចុប្បន្ន សហព័ន្ធបានបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សេងៗជាច្រើន ដែលបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់បោះក្នុងប្រទេសកម្ពុជា ៕
ជាងនេះទៅទៀត វាក៏ជាកត្ដារួមចំណែក នៅក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់បោះ ជាពិសេសថ្នាលយុវជនជំនាន់ក្រោយ ដើម្បីឈានទៅប្រកួតប្រជែងពានរង្វាន់លើឆាកអន្ដរជាតិ ក្នុងនោះមានការប្រកួតកីឡា SEA Games ជាដើម ។ ជាក់ស្ដែងកាលពី SEA Games លើកទី២៨ នៅសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ទោះបីក្រុមបាល់បោះកម្ពុជា មិនទទួលបានមេដាយអ្វី ប៉ុន្ដែពួកគេធ្វើបានយ៉ាងល្អ ដោយប្រកួតឈ្នះក្រុមខ្លាំងៗមួយចំនួន ។
គួរបញ្ជាក់ថា ការប្រកួតនេះ នឹងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៨ក្រុម ហើយត្រូវធ្វើការប្រកួតជម្រុះវិលជុំ ដើម្បីចម្រាញ់រកក្រុមមានពិន្ទុច្រើងជាងគេ ៦ក្រុមក្នុងពូលនីមួយៗ បន្ដទៅជុំទី២ ។ ជុំទី២ នឹងធ្វើការប្រកួតជម្រុះបន្ដ ដើម្បីក្រុមខ្លាំងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដោយការប្រកួតសរុបមានចំនួន ១២៦ប្រកួត ចាប់ពីថ្ងៃទី២៧ ខែធ្នូនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ៕