ព្រះមហាក្សត្រកម្ពុជា នឹងយាងបំពេញ ព្រះរាជទស្សនៈកិច្ច នៅប្រទេសឡាវ រយៈពេល៣ថ្ងៃ
ភ្នំពេញ ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះបាទនរោត្តមសីហមុនី នៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ ព្រះអង្គនឹងយាងទៅបំពេញព្រះរាជទស្សនៈកិច្ច ផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ធ្នូ។
យោងតាមព្រះរាជសារ ចេញផ្សាយកាលថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៥ ចុះព្រះរាជហត្ថលេខាដោយ ព្រះបាទ នរោត្តមសីហមុនី បានឲ្យដឹងថា ព្រះអង្គនិងអវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ តទៅ ដើម្បីយាងបំពេញព្រះរាជទស្សនៈកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ តាមសំណើរសូមយាងរបស់ លោក Choummaly Sayasone ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងឱកាសដែលព្រះមហាក្សត្រ ទ្រង់យាងបំពេញព្រះរាជទស្សនៈកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ ព្រះអង្គបាន ព្រះរាជទានឲ្យ សម្តេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាជំនួស៕