ចិន រកឃើញ បន្ទះមាស រាប់រយ ក្នុងផ្នូរបុរាណ អាយុកាល ២ពាន់ឆ្នាំ
ណានឆាង៖ ចំនួនបន្ទះមាស ដែលត្រូវបានរកឃើញ នៅក្នុងផ្នូរបុរាណចិន ដែលមានអាយុ កាលជាង ២ពាន់ឆ្នាំ នោះ បានកើនឡើងរហូតដល់ ៣៧៨បន្ទះ និងដុំ ហើយ បន្ទាប់ ពីអ្នកជីកកកាយ បានរកឃើញ ៦៨បន្ទះ ទៀត កាលពីថ្ងៃសុក្រ។ នេះបើតាមការផ្សាយ ពីទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥។
ដុំមាសដែលត្រូវបានរកឃើញនោះ មានជាប្រភេទរាងមូល និង បន្ទះដូចក្តា ដែលមានប្រវែង ទទឹង ១០សង់ទីម៉ែត្រ និងបណ្តោយ ២២សង់ទីម៉ែត្រ។ ក្រុមបុរាណវិទូ ដែល កំពុងសិក្សាលើ ផ្នូរបុរាណ ស្ថិតនៅក្នុងទីក្រុង ណានឆាង ខេត្តជាំងស៊ី ភាគខាងលិច ប្រទេសចិន បានអះអាងថា ពួកគេបានរកឃើញ ដុំមាសទាំងនេះ នៅក្នុងផ្នូរបុរាណ នៃរាជវង្សហាន។
បើការបញ្ជាក់ ពីអ្នកបុរាណវិទ្យានោះ ដុំមាសនិមួយៗ យ៉ាងហោចណាស់ ក៏មានទម្ងន់ ២៥០ក្រាមដែរ។ សម័យ កាលនោះ ចិនត្រូវបានគេចាត់ទុក ជាអាណាចក្រមួយ ដែលមានតម្កល់មាស រាប់លានគីឡូក្រាម ទៅហើយ ដែលស្ទើរតែទាំងអស់ ជារបស់ខ្សែរាជវង្ស និងបានកប់ ជាមួយផ្នូរ ពេលដែលមហាក្សត្រ ឬ ម្ចាស់ក្សត្រីសោយ ទីវង្គត់។
គួរបញ្ជាក់ថា ផ្នូរដែលត្រូវបានគេសិក្សានេះ ជារបស់អតីត រាជវង្សហាន ភាគខាងលិច ប្រទេសចិន ដែលអាយុកាល ពីចន្លោះឆ្នាំ២០៦ ដល់២៤ មុនគ.ស។ ផ្នូរនេះ ជាទី តាំងតម្កល់សព របស់ព្រះអង្គម្ចាស់ លីវ ហ៊ី ដែលត្រូវជាចៅ របស់ព្រះចៅអធិរាជ វូ លីវ ដែលបាន ចូលទីវង្គត់ បន្ទាប់ពីព្រះអង្គ ទើបតែឡើងគ្រងរាជ្យ បាន ២៧ថ្ងៃ ប៉ុណ្ណោះ៕