កីឡាសូហ្វតេនីស បង្កើនការហ្វឹកហាត់ ក្រោយទទួលបានជោគជ័យឆ្នាំដំបូង
ភ្នំពេញ៖ សហព័ន្ធកីឡា សូហ្វតេនីសកម្ពុជា បានទទួល ជោគជ័យគួរឲ្យកត់សម្គាល់ សម្រាប់រយៈពេល ១ឆ្នាំនៃការបង្កើត សហព័ន្ធជាផ្លូវការ ដោយបានបញ្ជូនកីឡាករ របស់ខ្លួនទៅចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជាច្រើនទៀតផង ។ ទោះបែបនេះក្ដី ថ្នាក់ដឹកនាំ និងកីឡាករគ្រប់រូប នៅតែបន្ដការខិតខំ ហ្វឹកហាត់បន្ថែមទៀត ដើម្បីឆ្លើយតបនឹង កំណត់ត្រាល្អរបស់ខ្លួន ក៏ដូចជាត្រៀមខ្លួន ចូលរួមប្រកួត លើឆាកអន្ដរជាតិ នាឆ្នាំ២០១៦ផងដែរ ។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេនីសកម្ពុជា បានឲ្យដឹងថា ឆ្នាំដំបូងពួកយើងពិតជាទទួលសមិទ្ធិផលល្អៗច្រើនពីការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសអំឡុងខែមេសា ឆ្នាំ២០១៥កន្លងទៅ ក្រុមកីឡាករកម្ពុជា បាននាំយមេដាយកម្រិតពិភពលោកចំនួន ១២គ្រឿងជូនប្រទេសកម្ពុជា ពីព្រឹត្តិការណ៍ AEC World Tour Championship 2015 លើកទី១ នៅប្រទេសថៃ ក្នុងនោះមានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ ១១គ្រឿង ។
ក្រោយមកក្រុមកីឡាសូហ្វតេនីសកម្ពុជា បានបន្ដចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ ២ផ្សេងទៀត គឺពានអបអរថ្ងៃបង្កើតសហព័ន្ធកីឡាសូហ្វតេនីសលើកទី៩៣ នៅសាធារណកូរ៉េ និងពាន 15th world Soft Tennis Championship 2015 នៅប្រទេសឥណ្ឌា ប៉ុន្ដែក្រុមកីឡាករកម្ពុជា ពុំទទួលបានមេដាយនោះទេ ។ ប៉ុន្ដែលទ្ធផលទាំងនេះ ត្រូវបានលោកអគ្គលេខាធិការសហព័ន្ធ ចាត់ទុកជាសមិទ្ធិផលជោគជ័យមួយ សម្រាប់ជំហានដំបូង ដែលធ្វើឲ្យពិភពលោកស្គាល់ និងការចាប់អារម្មណ៍ចំពោះកីឡាសូហ្វតេនីសកម្ពុជា ។ បើប្រៀបសមត្ថភាពកីឡាករវិញ កម្ពុជា ចាញ់ប្រៀប ប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជាកូរ៉េ, ជប៉ុន និងតៃវ៉ាន់ជាដើម តែប្រទេសផ្សេងៗ គឺមានសមត្ថភាពអាចប្រកួតប្រជែងបាន ។
លោក ជា ប៊ុនហេង បន្ដថា សម្រាប់ឆ្នាំ២០១៦ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឲ្យមានការប្រមូលផ្ដុំក្រុមជម្រើសជាតិ ហើយកីមានសិទ្ធិរៀបចំ ការប្រកួតជើងឯក ថ្នាក់ជាតិ បន្ថែមពីលើការប្រកួត កីឡាសូហ្វតេនីសដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង លើកទី៤ផងដែរ ។
លើសពីនេះមានព្រឹត្តិការណ៍ អន្ដរជាតិធំៗចំនួន ៤ ដែលកីឡាសូហ្វតេនីសកម្ពុជា នឹងចូលរួម ក្នុងនោះមានការប្រកួតជើងឯកឥណ្ឌូចិនបូកកូរ៉េ នាចុងខែមករា ឆ្នាំ២០១៦ នៅឡាវ, ជើងឯកកីឡាសូហ្វតេនីសយុវជនអន្តរជាតិ នាចុងខែមិថុនា នៅម៉ាឡេស៊ី, ជើងឯកអាស៊ី ក្នុងខែកក្កដា នៅកូរ៉េ និងព្រឹត្តិការណ៍ 16th World Soft Tennis Championship 2016 ក្នុងខែកញ្ញា នៅប្រទេសប៉ូឡូញ ៕