Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ការត​ភ្ជាប់ព្រំដែន កម្ពុជា-វៀតណាម ឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រដ្ឋាភិបាល ក្នុងតំបន់​អាស៊ាន

រតនគិរីៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានលើកឡើងថា ការតភ្ជាប់ព្រំដែនកម្ពុជា-វៀតណាម ជាលក្ខណៈរូបវន្តនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ របស់រដ្ឋាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូល។
ក្នុងឱកាសទៅសម្ពោធដាក់ឲ្យដំណើរការបង្គោលព្រំដែនលេខ៣០ និងកំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រ នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ-ឡេថាញ់ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការនូវបង្គោលព្រំដែនលេខ៣០ និងកំណាត់ផ្លូវនេះ គឺជានិម្មិតរូបមួយទៀត ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការតភ្ជាប់ជារូបវន្តរវាងប្រទេសទាំងពីរ។
សម្តេចបន្តថា “ការតភ្ជាប់ គឺជាអទិភាពយ៉ាងសំខាន់បំផុតមួយ ដែលឆ្លើយតបទៅនឹងគោលនយោបាយ នៃបណ្តាប្រទេសក្នុងតំបន់ ក្នុងការកែទម្រង់កិច្ចសហប្រតិបត្តិការក្នុងសមាហរណកម្ម ពិសេសនៅក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ និងក្នុងក្របខណ្ឌអាស៊ាន ខណៈដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងចាប់ផ្តើមចូលជាធរមាន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ចាប់ពីឆ្នាំ២០១៦តទៅ”។
ក្នុងឱកាសនោះ សម្ដេចតេជោ បានអំពាវនាវ ដល់អាជ្ញាធរដែនដីក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឲ្យរួមគ្នាថែរក្សាបង្គោលព្រំដែនទាំងអស់ ឲ្យបានឋិតថេរគង់វង្ស ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ចនិរន្តន៍តទៅ។ សម្តេចក៏បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហការល្អ រវាងគ្នានិងគ្នា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការកំណត់ខ្សែបន្ទាត់ និង បោះបង្គោលព្រំដែន។
ជាមួយគ្នានោះ លោក ង្វៀង តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរ និងប្រជាជននៃប្រទេសទាំងពីរ ដែលរស់នៅតាមបន្ទាន់ព្រំដែន បានបង្កើននូវកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ព្រមទាំងរួមសហការជាមួយគ្នា ក្នុងការគ្រប់គ្រងព្រំដែន និងទប់ស្កាត់នូវសកម្មភាពរត់ពន្ធ ការក្លែងបន្លំផ្នែកពាណិជ្ជកម្មបានទាន់ពេលវេលា។
លោកបន្តថា “អាជ្ញាធរនៃប្រទេសទាំងពីរ បានទប់ស្កាត់សកម្មភាពបទល្មើស និងសកកម្មភាពបង្កឲ្យខូចសណ្តាប់ធ្នាប់ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ដោយបានជំរុញនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ហើយធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពល្អប្រសើរឡើង”។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅពេលការបោះបង្គោលព្រំដែនផ្លូវគោក រវាងប្រទេសទាំងពីររួចរាល់ កម្ពុជា និងវៀតណាម នឹងបន្តបោះឆ្នោតគោលព្រំដែនតាមផ្លូវទឹកម្តង ហើយការបោះបង្គោលព្រំដែនបញ្ចប់នេះ នឹងធ្វើឲ្យបញ្ហាសេសសល់បន្តិចបន្តួច ដែលកើតឡើងនៅតាមបន្ទាត់ព្រំដែន នឹងត្រូវបានបញ្ចប់ទាំងស្រុង។
សម្តេចតេជោ ក៏បានរំលេចថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ សម្រេចបាននូវលទ្ធផលល្អប្រសើរជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ តាមរយៈការយកចិត្តទុកដាក់ក្នុងការជំរុញការតភ្ជាប់ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទទួលបាននូវផលប្រយោជន៍ពេញលេញពីសមាហរណកម្មនេះ។
សម្តេចបន្តថា “កំណើនពាណិជ្ជកម្ម ការវិនិយោគ និងលំហូរមូលធនក៏ដូចជាទេសចរឆ្លងកាត់ ព្រំដែនរវាង ប្រទេសទាំងពីរ បាននឹងកំពុងរីកលូតលាស់ ឥតឈប់ឈរដែលជាកត្តា ដ៏សំខាន់សម្រាប់ជួយជម្រុញ និងធានានូវនិរន្តន៍ភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ” ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀង តាន់យ៉ុង មិនត្រឹមតែបានអញ្ជើញសម្ពោធបង្គោលព្រំដែនលេខ៣០ ច្រកអូរយ៉ាដាវ-ឡេថាញ់នោះទេ ក្នុងពេលល្ងាចថ្ងៃដដែលនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានអញ្ជើញទៅសម្ពោធបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ២៧៥ នៅច្រកភ្នំឌិនផងដែរ។
គួររំលឹកថា នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម កន្លងមកក៏ធ្លាប់បានអញ្ជើញទៅសម្ពោធ បង្គោលព្រំដែនចំនួន ២ដងរួចមកហើយ ដោយលើកទី១ នៅបង្គោលព្រំដែនលេខ១៧១ នៅច្រកបាវិត ខេត្តស្វាយរៀង និងលើកទី២ នៅបង្គោលព្រំដែនលេខ៣១៤ ខេត្តកំពត៕