ខណ្ឌច្បារអំពៅ បើកសិក្ខា សាលា សមាហរណកម្ម ផែនការសង្កាត់ នៅថ្នាក់ខណ្ឌ លើកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០១៦-២០១៨)
ភ្នំពេញ៖ សាលាច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ បានបើកសិក្ខា សាលាសមាហរណកម្មផែន ការសង្កាត់ នៅថ្នាក់ខណ្ឌ សំរាប់កម្ម វិធីវិនិយោគ បីឆ្នាំរំកិល២០១៦-២០១៨ ក្រោមវត្តមាន លោក ត្រាក់ ថៃសៀង អភិបាលរង រាជធានីភ្នំពេញ លោក អ៊ាង សុីផាន អភិបាលខណ្ឌ ច្បារអំពៅ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ នាយកទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក-លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងចៅសង្កាត់ទាំង៨ មន្ទីរពាក់ព័ន្ធនានា និងបណ្តាអង្គការដៃគូ និងសប្បុរសជននានា។
អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៦-២០១៨ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០១៦ បានរៀបចំឡើង តាមផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពី តម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌបានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបីឆ្នាំរំកិល២០១៦-២០១៨ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់សម្រាប់អនុវត្តន៍ឆ្នាំ២០១៤ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។
ក្នុងនោះដែរ លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់បណ្តាអង្គការ និងមន្ទីរពាក់ព័ន្ធនានា ត្រូវតែពិនិត្យគម្រោង អភិវឌ្ឍន៍ ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ឲ្យបានច្បាស់លាស់ គឺត្រូវតែញែកចេញពីគ្នាឲ្យដាច់ថា គម្រោងណាដែលយើងត្រូវគាំទ្រថ្នាក់ខណ្ឌ ហើយគម្រោងណាត្រូវគាំទ្រថ្នាក់សង្កាត់ ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ។
ថ្លែងក្នុងអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០១៦-២០១៨នេះ លោក អ៊ាង សុីផាន តាងនាមក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ បណ្តាអង្គការជាដៃគូ អភិវឌ្ឍន៍ មន្ទីរក្នុងការគាំទ្រ គម្រោងយ៉ាងច្រើនលើសលប់នាពេលនេះ ដើម្បីការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន៕