Apple ទាមទារសំណងពី Samsung ១៨០លានដុល្លារបន្ថែមទៀតលើជម្លោះប៉ាតង់
ក្រុមហ៊ុន Apple បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ដើម្បីឲ្យក្រុមហ៊ុន Samsung ផ្ដល់សំណងបន្ថែមទៀតលើជម្លោះប៉ាតង់ បន្ទាប់ពីបានឈ្នះក្ដីជាមួយនឹងគូប្រជែងក្នុងជំនួញស្មាតហ្វូនដ៏ធំនេះកាលពីពេលកន្លងទៅ។
អត្ថន័យក្នុងលិខិតបណ្ដឹង ក្រុមហ៊ុន Apple បានលើកឡើងថា ក្រុមហ៊ុន Samsung នៅជំពាក់សំណងជាទឹកប្រាក់ក្បែរ១៨០លានដុល្លារបន្ថែមទៀតចំពោះថ្លៃខូចខាតនិងការប្រាក់។ ថ្លៃខូចខាតនេះគឺពាក់ព័ន្ធទៅនឹងផលិតផល Samsung ចំនួនប្រាំដែលបានរំលោភបំពានសិទ្ធិប៉ាតង់របស់ Apple ហើយនៅតែបន្តចេញលក់ទោះបីជាមានការប្រកាសសាលក្រមរួចហើយក្ដី។
សំណងទឹកប្រាក់ក្បែរ ១៨០លានដុល្លារ ដែលក្រុមហ៊ុន Apple បានទាមទារនេះគឺផ្អែកទៅលើចំនួនលក់សរុបនៃផលិតផលទាំងប្រាំម៉ូដែលនោះ ដែលចំនួននេះផ្ដល់ជូនដោយក្រុមហ៊ុន Samsung ផ្ទាល់។
ប្រសិនបើ Apple បន្តឈ្នះក្ដីមួយនេះ មានន័យថាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនឹងត្រូវ ផ្ដល់សំណងជាទឹកប្រាក់សរុបជាង៧៣០លានដុល្លារ។ យ៉ាងណាក្ដីចំនួននេះនៅតិចជាងប្រាក់ចំណេញដែលក្រុមហ៊ុន Samsung រកបាននារយៈពេល៤ឆ្នាំចុងក្រោយនេះឆ្ងាយណាស់។
គួរបញ្ជាក់ថា កាលពីដើមខែធ្នូកន្លងទៅសាលាដំបូងរដ្ឋកាលីហ្វ័រញ៉ាបានសម្រេចឲ្យ Samsung ចាញ់ក្ដីនិងបង់ថ្លៃខូចខាតដល់ក្រុមហ៊ុន Apple ជាង៥៤៨លានដុល្លារ លើជម្លោះប៉ាតង់ដែលបានអូសបន្លាយពេលតាំងពីឆ្នាំ២០១២មកម្ល៉េះ៕