វ៉ែន សុវណ្ណ ណាត់សងសឹក មាស ភារម្យ នៅសង្វៀនSEATV នាព្រឹកថ្ងៃសៅរ៍
ភ្នំពេញៈ អ្នកប្រដាល់ជើងចាស់ វ៉ែន សុវណ្ណ ក្លិបកងកេងខេត្តបាត់ដំបង ជួបអ្នកប្រដាល់ មាស ភារម្យ ក្លិបកងទ័ព ជើងទឹក ខណៈ អ្នកប្រដាល់ ចាន់ គង់រាជ ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹង ខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនSEATV នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ។
មាស ភារម្យ ជាអ្នកប្រដាល់ដែលមានចិត្តប្រដាល់មិនសូវធំប៉ុន្មានទេ តែមានចិត្តត្រង់វាយ គឺវាយមិនចេះមាន ល្បិចកលអ្វីទេ គ្រាន់តែគេមិនសូវមានផ្លែល្អប៉ុណ្ណោះ។ វ៉ែន សុវណ្ណ មានកាយសម្បទាល្អ ស្នៀតប្រដាល់ល្អ តែកម្លាំងសម្រុកមិនសូវខ្លាំង រឹងមាំទេ ព្រោះគេចាស់ដែរហើយ ណាមួយមិនសូវជាបានឡើងប្រកួតជាប់លាប់ ថែមទៀត។ វ៉ែន សុវណ្ណ មានកណ្តាប់ដៃច្បាស់ល្អណាស់ ហើយស្នៀតទាត់ល្អ និងខ្លាំងដែរ ។
ចំណែកអ្នក ប្រដាល់ចាន់ គង់រាជ ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹង ខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ គង់រាជ វាយល្អទាំងកណ្តាប់ដៃ កែង និងជង្គង់ តែគេមាន ចិត្តមិនសូវត្រង់ដោយប្រកួតច្រើនលាក់កំនួច ហើយចំពោះកណ្តាប់ដៃរបស់ ចាន់ គង់រាជ មួយដៃៗធ្ងន់ហើយខ្លាំង ដែលមិនអាចឲ្យ ប៊ុនឆៃ មើលស្រាលបានឡើយ។រីឯស៊ឹម ប៊ុនឆៃ បានមានចិត្តប្រដាល់ធំយោង តែវាយចេញយឺតមួយៗប៉ុណ្ណោះ។
អ្នកប្រដាល់ សុខ លាភ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ប៉ះ អ្នកប្រដាល់ ប្រាក់ ស៊ីថន ក្លិបតាឯកដំបងដែកមានរិទ្ធ ចំពោះ អ្នកប្រដាល់ សេក ទីណា ក្លិបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយ អ្នកប្រដាល់ យ៉ាម ពន្លក ក្លិបរស្មីកុមារកំព្រា ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម៕