រថយន្ត Porsche 911 រចនារូបរាងពិសេសដើម្បីអបអរបុណ្យគ្រិស្តស្មាស
ក្រុមហ៊ុនជំនាញខាងរចនារូបរាងផ្នែកខាងក្នុងនៃរថយន្តរបស់ប្រទេសប៉ូឡូញបានធ្វើការបង្ហាញ ការរចនាពិសេសចុងក្រោយមួយរបស់ខ្លួនទៅលើរថយន្ត Porsche 911 Carrera 4S។
ក្រុមហ៊ុន Carlex Design បានធ្វើការកែលម្អផ្នែកខាងក្នុងនៃរថយន្ត Porsche 911 Carrera 4S ដោយរក្សាទុករូបរាងខាងក្រៅរបស់រថយន្តឲ្យនៅដូចដើម។ និយាយដល់ការរចនាវិញ ក្រុមអ្នកជំនាញនៃក្រុមហ៊ុនបានប្រើប្រាស់ស្បែកពណ៌ក្រហមដើម្បីរចនាកៅអីអង្គុយ។ គេបានប្រើប្រាស់សរសៃអំបោះពីរពណ៌ផ្សេងគ្នាដើម្បីដេរភ្ជាប់គឺពណ៌ខ្មៅ និងពណ៌ក្រហម។ ចំណែកឯចំណុចសំខាន់ៗជាច្រើនទៀតក៏ត្រូវបានគេប្រើប្រាស់ពណ៌ខ្មៅនិងក្រហមជាគោលដើម្បីរចនាផងដែរ។
ការរចនាដ៏ល្អប្រណិតរបស់ក្រុមហ៊ុនប៉ូឡូញមួយនេះបានធ្វើឲ្យរថយន្ត Porsche 911 Carrera 4S ដែលមានការរចនារូបរាងស្រស់ស្អាតរួចស្រេចនោះ កាន់តែមានភាពទាក់ទាញជាងមុនថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថាកន្លងមកក្រុមហ៊ុន Carlex Design ធ្លាប់បានធ្វើការកែលម្អរូបរាងផ្នែកខាងក្នុងម៉ាករថយន្តល្បីៗជាច្រើនមកហើយ ដូចជា Rolls-Royce, BMW និង Mercedes-Benz ជាដើម៕