ព្រឹត្តិការណ៍ Korea Day for Cambodian Friends ក្រោមបរិយាកាស រីករាយ ស្និតស្នាលរវាង កម្មករ កម្មការិនី និងអ្នកធុរៈកិច្ច
ភ្នំពេញ៖ព្រឹត្តិការណ៍ Korea Day for Cambodian Friends បានប្រព្រឹត្តទៅក្រោម បរិយាកាសរីករាយ ស្និតស្នាល និងជឿជាក់រវាង កម្មករ កម្មការិនី និងក្រុមអ្នកធុរៈកិច្ចកូរ៉េ ដែលកំពុងតែប្រតិបត្តិការ អាជីវកម្មជាង ៨០រោងចក្រ សហគ្រាសនៅ ក្នុងប្រទេសកម្ពុជា។
ឯកអគ្គរាជទូត សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក KIM WEON JIN បានផ្លែងនៅ ក្នុងព្រឹត្តិការណ៍ Korea Day for Cambodian Friends នៅព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៥ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិកថា នេះជាព្រឹត្តិការណ៍ សម្រាប់បងប្អូនកម្ពុជា ដែលកំពុងបម្រើការងារ យ៉ាងនឿយហត់នៅក្នុង ក្រុមហ៊ុនសហគ្រាស កូរ៉េជាង៨០ នៅកម្ពុជា។ លោកថា "គោលដៅចំបងមួយរបស់ខ្ញុំ គឺត្រូវផ្សព្វផ្សាយ ឲ្យពលរដ្ឋកម្ពុជា បានស្គាល់អំពីកូរ៉េ ឲ្យបានច្បាស់ ខ្ញុំបានរៀបចំផែនការ និងជំរុញឲ្យមានព្រឹត្តិការណ៍ វប្បធម៌ជាច្រើន នៅក្នុង ឆ្នាំ២០១៥នេះ កន្លងមកបានរៀបចំកម្ម វិធីប្រកួតជំរុះ K-pop, ការប្រកួត Quiz on Korea, ការប្រគុំតន្រ្តី Classic concert, ការប្រកួតតៃខ្វាន់ដូ ហើយថ្មីៗនេះ បានរៀបចំកម្មវិធីមហោស្រព ភាពយន្តកូរ៉េផងដែរ"។
លោកមានប្រសាសន៍ទៀតថា "នេះគឺជាកម្មវិធី ដ៏សំខាន់មួយ ដែលអាចហៅវាបានថាជា “ទំរង់កិច្ចការទូតសាធារណៈ” ដែលខ្ញុំចង់ឲ្យសម្រេចជាងគេបង្អស់ ខ្ញុំរឹតតែសប្បាយចិត្ត និងមានមោទនភាព នៅចំពោះមុខបងប្អូន ជាង១២០០នាក់ ដែលកំពុងមានវត្តមាន តំណាងឲ្យកម្មករ កម្មការិនីកម្ពុជា ជាង៨០រោងចក្រ សហគ្រាសនៅកម្ពុជាក្នុងកម្មវិធីនេះ។
លោកបញ្ជាក់ថា វិស័យកាត់ដេរ គឺជាវិស័យចំបងមួយ ដែលភ្ជាប់ចំណងទំនាក់ទំនង សហប្រតិបត្តិការ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យស្អិតរមួត និងបានក្លាយជាមធ្យោបាយឈ្នះ-ឈ្នះ សំរាប់ភាគីកម្ពុជា និងកូរ៉េ ដែលចូលមកវិនិយោគនៅកម្ពុជា ផ្លែផ្កាទាំងនេះបានមកពី បងប្អូនពលករ ពលការនីកម្ពុជាខិតខំប្រឹង ធ្វើការងារអស់ពីចិត្ត ហើយកម្មវិធីថ្ងៃនេះ រៀបចំសម្រាប់ជាកិច្ច អរគុណចំពោះទឹកចិត្ត ពលករ ពលការនីទាំងអស់។
លោក អ៊ុ មាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នេះជាលើកទី២ ដែលថ្នាក់ដឹកនាំ ក្រសួងបានចូលរួម កម្មវិធីបែបនេះ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែ ឱ្យអ្នកប្រកបអាជីវកម្ម ពាណិជ្ជកម្ម ជួបប្រាស្រ័យទាក់ទងគ្នាទេ តែបានរៀបចំឱ្យមាន ការប្រកួតកីឡា អត្តពលកម្ម ទាញ ព្រ័ត្រ រត់បណ្ដាក់ វាយបាល់ឡុង បាល់ទះ ការសំដែងសិល្បៈកូរ៉េ ភ្លក្សម្ហូមកូរ៉េ និងសំណួរ-ចម្លើយចំណេះដឹងទូទៅ អំពីកូរ៉េ ដើម្បីលើកកម្ពស់ សិលធម៌ ចំណងសាមគ្គីភាពរវាងនិយោជិគ និយោជក ក្រុមហ៊ុនកូរ៉េ និងប្រជាជនកូរ៉េ ដែលស្នាក់នៅប្រទេសកម្ពុជា ហើយផ្ដល់ឱកាសដល់ប្រជាជនខ្មែរ និងកូរ៉េ បានស្វែងយល់ពីគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ និងដើម្បីឈានទៅរកមិត្តភាពកាន់តែស្និតស្នាល ដែលបច្ចុប្បន្ន មានពលរដ្ឋកម្ពុជាជាច្រើន កំពុងធ្វើការនៅតាមបណ្ដា ក្រុមហ៊ុន និងរោងចក្រកូរ៉េ ទាំងនៅកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមអរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលផ្ដល់ជំនួយ ដើម្បីចូលរួមចំណែកស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស ធុរកិច្ចជន និងវិនិយោគគិនកូរ៉េ ដែលបានចូល មកប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ កំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគទុនកូរ៉េ បាន កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ គួរឱ្យកត់សំគាល់ ដែលសឱ្យឃើញថា ប្រជាជននិងអ្នកវិនិយោគទុនកូរ៉េ ពិតជាមានការជឿជាក់ លើបរិយាកាស នយោបាយ និងវិនិ យោគទុននៅកម្ពុជា។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ “២០១៤-២០១៨” ផ្តុំលើអាទិភាព៥ គឺ ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ, ការអភិវឌ្ឍន៍មុខរបរ និងការងារ, ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជន ស្ថិតក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងការពង្រឹងអភិបាលកិច្ចល្អ៕