ឈិត សុវណ្ណបញ្ញា បដិសេធដំណឹងចាកចេញពីហង្សមាស
កន្លងមកធ្លាប់មានព័ត៌មានលេចឮមកថា តារាចម្រៀងស្រីចាស់វស្សាក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ឈិត សុវណ្ណបញ្ញា បានចាកចេញពីទ្រនំដែលជ្រកកោនអស់រយៈពេលជិត ១០ ឆ្នាំនោះហើយ ហើយមូលហេតុព្រោះថា បញ្ញា ស្ងាត់បទចម្រៀងថ្មីៗសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារយូរពេក ប៉ុន្តែសាមីខ្លួនបដិសេធន៍។
ជួបឆ្លើយឆ្លងជាមួយ Sabay តួឯកស្រីក្នុងរឿង “ទេសចរណ៍ឋាននរក” បាននិយាយបដិសេធរួមទាំងសំណើចថា នេះជាព័ត៌មានមិនពិតនោះទេ។ “នរណាជាអ្នកនិយាយរឿងនេះទៅ? រាល់ថ្ងៃនេះខ្ញុំមិនបានចាកចេញទៅណាទេ ហើយឥឡូវនេះខ្ញុំកំពុងតែថតសំឡេងដើម្បីត្រៀមចេញបទចម្រៀងថ្មី។”
ទោះជាយ៉ាងនេះក្ដីក៏តារាស្រីដែលមានបងប្អូនស្រីភ្លោះរូបនេះ មិនបានបញ្ជាក់ថាមានចំនួនប៉ុន្មានបទឡើយ ដើម្បីស្វាគមន៍ឆ្នាំថ្មីនេះ ដោយគ្រាន់តែបង្ហើបថា មានចំនួនច្រើនគួរសមដែរ ហើយក្នុងនោះ ក៏មានបទញាក់កន្ត្រាក់អារម្មណ៍ អមដោយក្បាច់រាំបែបថ្មីពិសេសទៀតផង។
តារាស្រីដែលទើបប្រឡូកក្នុងវិស័យកុនរូបនេះក៏បានឲ្យដឹងទៀតថា រាល់ថ្ងៃនាងកំពុងតែមមាញឹកថតចម្រៀងថ្មីដើម្បីត្រៀមសម្រាប់ឆ្នាំ ២០១៦ខាងមុខនេះ។ តែកញ្ញាបានបញ្ជាក់ឲ្យដឹងថា មិនទាន់ដឹងថានោះជា Solo អាល់ប៊ុម ឬយ៉ាងណាទេ ព្រោះខាងផលិតកម្មជាអ្នករៀបចំឲ្យ។
អ្វីពិសេសក្នុងឆ្នាំ ២០១៦ សម្រាប់ ឈិត សុវណ្ណបញ្ញា នោះ គឺខ្សែភាពយន្តថ្មីដែលនាងបានដើរតួឯកជាលើកដំបូងក៏ប្រហែលជាបញ្ចាំងក្នុងខែ កុម្ភៈ ឆ្នាំ ២០១៦ នោះដែរ។ “រឿងបញ្ចាំងថ្ងៃណាឲ្យច្បាស់ ខ្ញុំក៏មិនច្បាស់ដែរ តែប្រហែលជាក្នុងខែពីរអីនឹង ហើយសង្ឃឹមថាបងប្អូនទស្សនិកជន នឹងជួយគាំទ្រស្នាដៃដំបូងនេះផង៕”