រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ថា មន្ត្រីពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ នៅមានភាព ចន្លោះប្រហោង
ភ្នំពេញ៖លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា មន្ត្រីពាក់ព័ន្ធដែលកំពុងអនុវត្តច្បាប់នៅមានភាពខ្វះចន្លោះប្រហោងក្នុងការបំពេញតួនាទីរបស់ខ្លួន។ លោកការលើកឡើងរបស់ លោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងក្នុង កិច្ចប្រជុំស្តីពី កិច្ចការអនុវត្តច្បាប់ រវាង អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្រ្កាប បទល្មើសព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី២២ធ្នូ នៅទីស្តីការក្រសួង។
លោក អង្គ វង្សវឌ្ឍានា បានលើកឡើងទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីបញ្ហាឆក់ ប្លន់ លួចបាន កើតមាន នៅក្នុងប្រទេស កម្ពុជានោះ ខណៈដែលការបង្ក្រាប ក៏មានជាបន្តបន្ទាប់ ពីសមត្ថកិច្ច កំលាំងនគបាល កងរាជអាវុធហត្ថ បានចួលរួមសហការជាគ្នា។ ប៉ុន្តែបញ្ហាដែល សម្តេចតេជោ លើកឡើងនោះ គឺជាបញ្ហាមួយ ដែលសម្តេច ចង់ពញ្ញាក់ តាស់តឿនអារម្មណ៍ ដើម្បីឲ្យមានការ ប្រយ័ត្នប្រយែង ទំាងកំលាំងនគបាល កងរាជអាវុធហត្ថ តុលាការ អយ្យការ ដែលអ្នកអនុវត្ត នយោបាយព្រហ្មទណ្ឌ ដើម្បីការពារ សុវត្ថិភាព សង្គមជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា "អីចឹងហើយ វាពាក់ព័ន្ធ នឹងស្ថាប័នតុលាការ អយ្យការ ក្រសួងពាក់ព័ន្ធ ដែលធ្វើការ ខ្វះចន្លោះប្រហោង នៃការអនុវត្តច្បាប់ របស់យើង"។
លោក គឹម សន្តិភាព អ្នកនំាពាក្យក្រសួង យុត្តិធម៌ លើកឡើងថា គោលបំណង នៃកិច្ចប្រជុំ ផ្តោតសំខាន់ នៃកិច្ចសហប្រតិបតិ្តការ រវាងមន្ត្រី អនុវត្តច្បាប់ មានស្ថាប័នតុលាការ អយ្យការ មន្ត្រីនគបាលយុត្តិធម៌។ ក្នុងកិច្ចប្រជុំបាន លើកយក បញ្ហាប្រឈម ដើម្បីរកដំណោះស្រាយ រួមគ្នា ដើម្បី ក្នុងការពង្រឹង សន្តិខសុខសាធារណៈ។
លោក បន្តថាលទ្ធផល នៃកិច្ចប្រជុំអស់រយៈពេល ប្រមាណ ៤ម៉ោង បានរកឃើញ ចំណុចប្រឈមមួយចំនួន ក្នុងនោះទាក់ទង នឹងកិច្ចសហការ រវាងមន្ត្រីអនុវត្តច្បាប់ នៅមានភាពខ្វះខាត និងការយល់ខុសគ្នា រវាងផ្នែកច្បាប់ នឹងនីតិវិធីមួយចំនួន។ ចំណុចប្រឈមទំាងនេះ ត្រូវបានដោះស្រាយ គឺត្រូវបង្កើត កិច្ចសហប្រតិបតិ្តការ រវាងគ្នានឹងគ្នា ដោយបង្កើន ឲ្យមានកិច្ចប្រជុំពិភាក្សាគ្នា នៅតាមរាជធានីខេត្ត ដឹកនំាដោយព្រះរាជ អាជ្ញាក្នុងរយៈពេល ១ខែម្តង។
លោកបញ្ជាក់ថា "ជាចុងក្រោយ មន្ត្រីអនុវត្តច្បាប់ មានទំាងចៅក្រម ព្រះរាជអាជ្ញា នគបាលយុត្តិធម៌ ត្រូវមានសុវត្ថិភាពខ្ពស់ ក្នុងការបង្កា បង្រ្កាប និងផ្តន្ទាទោសជនល្មើសដើម្បីពង្រឹង សន្តិសុខសាធារណៈ សង្គមជាតិ"។
ជាមួយគ្នានោះដែរ លោក គឹម សន្តិភាព គូសបញ្ជាក់ថា បញ្ហាប្រឈមរបស់ មន្ត្រីអនុវត្តច្បាប់គឺ នីតិវិធីនៃការអនុវត្តច្បាប់ ហើយបញ្ហានេះ ក្រសួងនឹងធ្វើការ ដោះស្រាយដើម្បីឲ្យអ្នក អនុវត្តច្បាប់ទាំងអស់ឲ្យ ខិតជិតគ្នា គឺនៅពេលមន្ត្រី មានសមត្ថកិច្ចបញ្ជូល សំណុំរឿង មានភាពខ្វះខាត ចំណុចណាមួយ មន្ត្រីតុលាការ ត្រូវបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណា ឲ្យជនល្មើសអនុវត្តទោសឲ្យបាន៕