សមាគមសិល្បៈ នាំយកថវិកា ជូនដល់លោក អៀង ស៊ីថុល ដែលកំពុងជួប គ្រោះថ្នាក់ បាក់ជើងស្តាំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី ២២ ខែធ្នូ ឆ្នាំ២០១៦ នេះ សមាគមសិល្បៈ បាននាំយកថវិកាជូនដល់ លោក អៀង ស៊ីថុល ដែលកំពុងជួបបញ្ហា គ្រោះថ្នាក់ បាក់ជើងខាងស្តាំ នៅគេហដ្ឋានរបស់លោក ផ្ទាល់ស្ថិតនៅ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះសួរសុខទុក្ខនេះ មានវត្តមាន លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈ ឧកញ្ញ៉ា ទុំ សារ៉ុត (ហៅ នាយ ឃ្លោក) លោកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត លោក អ៊ឹម ជីវ៉ា និង ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ។
លោក សុះ ម៉ាច ប្រធានសមាគសិល្បៈ បានថ្លែងឲ្យដឹងថា «កន្លងមកយើងឃើញសកម្មភាពលោក អៀង ស៊ីថុល ធ្លាប់ជួយដល់សិល្បៈករផ្សេងៗ ដែលជួបបញ្ហា តែលើកនេះ ដល់វេនលោក ដែលត្រូវសិល្បៈករផ្សេងៗមកចុះ សួរសុខទុក្ខ លោកវិញម្តង ក្រោយលោកជួបឧបទ្ទេវហេតុ ធ្លាក់ពីលើសំយ៉ាបដំបូលផ្ទះ» ។
ប្រធានសិល្បៈរូបនេះបានថ្លែងបន្តថា «បើទោះបីជាថវិការដែលនាំយកមកតិចក្តី តែវាជាទឹកចិត្ត ដែលពួកយើង ចុះមកសួរសុខទុក្ខលោក ដើម្បីសម្រួលដល់ការទិញថ្នាំសង្កូវផ្សេងៗ» ។
ទន្ទឹមជាមួយនឹងគ្នានេះដែរលោក អៀង ស៊ីថុល ថ្លែងឲ្យដឹងផងដែរថា «មូលហេតុដែលធ្វើឲ្យលោក បាក់ជើងស្តាំ ដោយសារតែលោកឡើងលើសំយ៉ាបខាងមុខផ្ទះ ដើម្បីមើលខ្សែអ៊ីនធឺណេត ដែលមានបញ្ហាដោយ មិនអាច ដំណើរការបាននោះ ដោយពេលកំពុងឡើងនោះ ស្រាប់តែសំយ៉ាបផ្ទះនោះ បែរជាធ្លុះ ធ្វើឲ្យលោកធ្លាក់តែម្តង ។ ប៉ុន្តែសំណាងល្អ ហើយដែលដៃម្ខាងលោកស្រវ៉ាចាប់បែកឈើ ដែលនៅក្រោមសំយ៉ាប ហើយបណ្តាលឲ្យបាក់ ជើងស្តាំ មិនគ្រោះថ្នាក់ដល់ជីវិត » ។
លោកបានបន្តថា «ធាតុពិត ការងារនោះលោកមិនត្រូវធ្វើនោះទេ ដោយខាងអ៊ីនធឺណេត គេមានបុគ្គលិក មកចុះមើល ប៉ុន្តែដោយសារតែមិនឃើញបុគ្គលិកក្រុមហ៊ុនមក លោកក៏សសៀរលើសំយ៉ាប ដើម្បីមើលខ្សែ អ៊ីនធឺណេត ក៏ជួបបញ្ហានេះតែម្តងទៅ»។
បញ្ជាក់ផងដែរថា លោក អៀង ស៊ីថុល បានជួបបញ្ហាគ្រោះថ្នាក់នេះ តាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ មកម្លេះ ហើយរហូតមកទល់នឹងពេលនេះមានសភាពធូរស្រាលបន្តិច៕