រថយន្ត ហាយឡែនឌើរ បើកក្រឡាប់ ខ្លួនឯង ស្លាប់អ្នកបើកបរ ម្នាក់ នៅស្រុកជុំគីរី
កំពត៖រថយន្តម៉ាក ហាយឡែនឌើរ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1907 ជិះគ្នា៤នាក់ បានក្រឡាប់ ដោយមិន ដឹងមូលហេតុ បណ្តាលឲ្យ ស្លាប់អ្នក បើកបរម្នាក់ ជាយុវជន អាយុប្រមាណ២០ឆ្នាំ ស្លាប់នៅ នឹងកន្លែងកើតហេតុ ត្រង់ចំណុច គីឡូម៉ែត្រ លេខ៤១ លើកំណាត់ផ្លូវជាតិ លេខ៤១ ស្ថិតក្នុង ភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត នៅម៉ោង ០២៖១៥នាទី រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ នៅមិនទាន់ស្គាល់ អត្តសញ្ញាណ និងទីលំនៅនៅឡើយនោះទេ។ បើតាមសាក្សី បានឲ្យដឹងថា រថយន្តបើកបរ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមេច ក៏បណ្តាលឲ្យ ជួបឧបត្តិហេតុយ៉ាង ដូច្នេះតែម្តងទៅ ស្លាប់អ្នកបើកបរ រីឯអ្នកជិះជាមួយ ៣នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់៕