នៅរសៀលថ្ងៃនេះ នឹងមានកិច្ចប្រជុំ រវាងអាជ្ញាធរ និងសហជីពកម្មករ ជុំវិញបាតុកម្មតវ៉ា នៅបាវិត
ភ្នំពេញ៖ បើតាមការឲ្យដឹងពី អ្នកសម្របសម្រួល សហភាពការងារកម្ពុជា ប្រចាំខេត្តស្វាយរៀង លោក ឃុន សុខុម បានឲ្យដឹងថា នៅម៉ោង ២ រសៀល ថ្ងៃទី២២ធ្នូនេះ នឹងមានកិច្ចប្រជុំរវាងអាជ្ញាធរសមត្ថកិច្ច និងសហជីព តំណាងកម្មករ នៅសាលាក្រុងបាវិត ដើម្បីស្វែងរកដំណោះស្រាយជុំវិញការតវ៉ារបស់ក្រុមកម្មករ ដែលឈាន ដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច នាព្រឹកមិញនេះ។
ជាមួយគ្នានោះ លោក ឃុន សុខុម មិនទាន់អាចបញ្ជាក់បានពីតួលេខនៃការខូចខាត និងការចាប់ខ្លួនកម្មករ នៅឡើយទេ ដោយសារតែនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដែលកើតហេតុនោះ សមត្ថកិច្ច បានបិទ ច្រកចេញចូល មិនឲ្យសហជីពកម្មករ ចូលទៅក្នុងកន្លែងផ្ទុះអំពើហិង្សា នោះឡើយ។
គួររំលឹកថា កាលពីថ្ងៃទី២១ធ្នូ ក្រុមប៉ូលិស ប៉េអឹម បានព្យាយាមប្រើប្រាស់ឡានទឹកបាញ់បំបែកការជួបជុំ របស់ ក្រុមកម្មករ និងបានចាប់ខ្លួនកម្មករសរុប ៥៨ នាក់ ក្នុងនោះ មានប្រុស ២២ នាក់។ រហូតដល់ព្រលប់ថ្ងៃទី២១ធ្នូ ទើបប៉ូលិសដោះលែងមកវិញ។
ដោយឡែក កម្មករ ៤ នាក់ ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃផ្ទុះកូដកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយសេង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានតុលាការ សម្រេចឃុំខ្លួន បណ្តោះអាសន្ន នៅតុលាការ។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ ថាបានគប់ដុំថ្ម បំផ្លាញទ្រព្យសម្បត្តិរោងចក្រ៕